អភិបាលខេត្តកំពង់ចាម ស្នេីដល់មន្ទីរ អង្គភាពពាក់ព័ន្ធនានា ត្រូវចូលរួមកំណត់ព្រំប្រទល់ឱ្យបានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹក ប្រឡាយ បឹង ឡូតិ៍នេសាទ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួប សំណេះសំណាលជាមួយមន្រ្តី និងយុវជនស្ម័គចិត្តចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តបុទមបុប្ផា ឃុំពាមកោះស្នា។
ក្នុងឱកាសនោះ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យធ្វើការសម្រុក និងបង្កើនល្បឿនអនុវត្តកិច្ចការរបស់ខ្លួន ជាពិសេស ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងសម្រេចទៅតាមផែនការគ្រោងទុក ហេីយសូមកុំភ្លេចឱ្យសោះរឿងទុកផ្លូវ ធ្វើយ៉ាងណាត្រូវឱ្យបងប្អូននៅខាងក្រោយមានផ្លូវចេញចូលផង ថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី គ្រោងនឹងយកខេត្តកំពង់ចាម ធ្វើជាខេត្តគំរូ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ឱ្យបានចប់សព្វគ្រប់ ១០០% នាពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខនេះ ដូច្នេះសូមឱ្យមន្ត្រីអនុវត្តការងារនេះ បន្តស្នាដៃឱ្យបានសម្រេចនូវផែនការដែលបានដាក់ចុះ ទន្ទឹមនេះ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាពលរដ្ឋ ឱ្យបានចូលរួមក្នុងសកម្មភាពការងារនេះឱ្យបានខ្លាំងក្លាបន្ថែមទៀត ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នេីដល់មន្ទីរ អង្គភាពពាក់ព័ន្ធនានា ត្រូវចូលរួមកំណត់ព្រំប្រទល់ឱ្យបានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹក ប្រឡាយ បឹង ឡូតិ៍នេសាទ ។ល។ ក្រៅពីនោះសូមឱ្យចូលរួមអនុវត្ត និងជំរុញការដោះស្រាយ វិវាទដីធ្លីឱ្យមានការថយចុះជាលំដាប់ ។ នៅពេលបិទផ្សាយទិន្នន័យជាសាធារណៈ សូមឱ្យគណៈកម្មការរដ្ឋបាលពន្លឿនការងារ ដោះស្រាយទំនាស់ដែលនៅសេសសល់ ឱ្យបានឆាប់ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។
បេីតាមរបាយការណ៍ បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០២៣ វាស់វែង បានចំនួន ៨១៣ ៤៨៤ក្បាលដី- បញ្ចូលទិន្នន័យ បានចំនួន ៧៨៦ ៨៨១ក្បាលដី- ចេញប័ណ្ណ បានចំនួន ៧៤៤ ០២២ ប័ណ្ណ ។ បើប្រៀបធៀបទៅនឹងផែនការដែលក្រសួងបានដាក់ចុះចំនួន ៩២៤ ៤២១ក្បាលដី អនុវត្តបាន៨៨ % នៃការប្រមូលទិន្នន័យ និង៨០% លើការងារចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ ផែនការថ្មីឆ្នាំ២០២៣ គឺជាឆ្នាំដែលត្រូវអនុវត្តជម្រុញផែនការនៃការងារចេញប័ណ្ណកម្មសិទ្ធិចំនួន ១៥១ ២០០ប័ណ្ណ នៅទូទាំងខេត្តកំពង់ចាម៕