ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ រៀបចំកម្មវិធីទស្សនកិច្ចស្តីពី ការរៀបចំប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថល
ភ្នំពេញ៖ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីទស្សនកិច្ចស្តីពី ការរៀបចំប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថល នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញក្នុងគោលបំណង៖
១).ស្វែងយល់ពីស្ថានភាពជាក់ស្ដែងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងលទ្ធភាពនៃការរៀបចំប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថលនៅក្នុងវិទ្យាស្ថាន។
២).កំណត់គោលដៅរួម និងជំហាននានា “កម្មវិធីបណ្ដុះបណ្ដាល ផលិតមាតិកាអប់រំ និងប្រតិបត្តិការប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថល” ក្នុងការរៀបចំប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថល និងដំណើរការនៅក្នុងវិទ្យាស្ថានបម្រើឱ្យការបង្រៀន-រៀន និងការអប់រំគ្រូបង្រៀន សំដៅបណ្តុះបណ្តាលគ្រូបង្រៀនឌីជីថលឱ្យស៊ីគ្នាទៅនឹងយុទ្ធសាស្ត្រការងាររយៈពេលមធ្យម និងវែង។
៣).កំណត់យុទ្ធសាស្ត្ររួមគ្នាក្នុងការគាំទ្រដល់ការរៀបចំនិងដំណើរការប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថលនៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញប្រកបដោយសង្គតិភាព និងគុណវុឌ្ឍិ។
កម្មវិធីទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពី ឯកឧត្ដម លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBS)។
កម្មវិធីទស្សនកិច្ចថ្នាក់ដឹកនាំនេះមានខ្លឹមសារសំខាន់ៗរួមមាន៖
១).របាយការណ៍វឌ្ឍនភាព ស្តីពីការអប់រំគ្រូបង្រៀន និងបរិវត្តកម្មអប់រំបែបឌីជីថលនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
២).ទិដ្ឋភាពទូទៅនៃការអប់រំគ្រូបង្រៀន ផែនការយុទ្ធសាស្ត្រគ្រូបង្រៀនកម្ពុជា និងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា លើបរិវត្តកម្មឌីជីថលគ្រូបង្រៀនកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ និង២០៥០
៣).ទិដ្ឋភាពទូទៅនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBS) ផែនការយុទ្ធសាស្ត្រប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថលកម្ពុជា និងចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBS) លើបរិវត្តកម្មឌីជីថលអប់រំបែបឌីជីថល និងការរៀបចំប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ និង២០៥០
៤).ការចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈដែលបម្រើឱ្យដំណើរការប្រព័ន្ធអេកូស៊ីស្តែមអប់រំបែបឌីជីថលនៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៖ បណ្ណាល័យ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធវិទ្យាសាស្ត្រ បន្ទប់សិល្បៈ បន្ទប់គេហកិច្ច បន្ទប់ធ្វើការតាមការិយាល័យ ដេប៉ាតឺម៉ង់ និងមហាវិទ្យាល័យ សាលប្រជុំពហុបំណង អន្តេវាសិកដ្ឋាន សាលាបឋមសិក្សាអនុវត្ត អនុវិទ្យាល័យអនុវត្តអូរបែកក្អម ។ល។