ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហា ប្រឈមពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចំពោះកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការជាច្រើនរូប។
ក្នុងកិច្ចប្រជុំនារសៀលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីអនុវត្តការងារដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា ២០២៣កន្លងទៅ ដែលកាលនោះ សម្តេចធិបតីបានលើកឡើងអំពីការកែសម្រួលកម្រិតទម្ងន់កំណត់ ដើម្បីឱ្យសមស្របសម្រាប់ការដឹកជញ្ជូនធុនធ្ងន់។
ថ្លែងទៅកាន់សមាជិក សមាជិកា ដែលមានវត្តមាននាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មការ បានលើកឡើងអំពីតួនាទីភារកិច្ចរបស់គណៈកម្មការចំពោះកិច្ច ដែលត្រូវបានបង្កើតឡើងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះរួមមានដូចជា៖ (១).សិក្សាធ្វើវិសោធនកម្មច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, (២).សិក្សាបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទយានយន្ត និងប្រភេទផ្លូវថ្នល់សម្រាប់ការតំឡើងទម្ងន់កម្រិតកំណត់ពី ៤០ ទៅ ៤៥តោន, (៣).រៀបចំយន្តការផ្តល់ការលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ, (៤).សិក្សា និងលើកផែនការដាក់បន្ថែមទីតាំងស្ថានីយ សម្រាប់រយៈពេលខ្លី មធ្យម និងវែង, (៥).សិក្សា និងលើកផែនការធ្វើទំនើបកម្មស្ថានីយ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប, (៦).សិក្សា និងរៀបចំទីតាំងសម្រាប់រក្សាទុករថយន្តល្មើស និង(៧).សិក្សា និងរៀបចំនីតិវិធីស្តង់ដារប្រតិបត្តិនៃការត្រួតពិនិត្យយានយន្ត និង បំពេញភារកិច្ចពាក់ព័ន្ធផ្សេងៗទៀត ៕