ឯកឧត្តម ហេង សួរ៖ ការដាក់ផ្ទាំង“Tourist Visa, Employment is not permitted” នៅច្រកអន្តរជាតិជាការពួតដៃរួមគ្នាទប់ស្កាត់ ការជួញដូរមនុស្ស ក្រោមរូបភាពមកធ្វើការនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះបានសហការគ្នាទប់ស្កាត់បទល្មើសជួញដូរមនុស្សមកកាន់កម្ពុជាដោយការដាក់ផ្ទាំងអក្សរជាភាសាអង់គ្លេសថា “Tourist Visa, Employment is not permitted” ដែលអាចប្រែសម្រួលបានថា ទិដ្ឋាកាទេសចរណ៍មិនអនុញ្ញាតឱ្យធ្វើការនៅប្រទេសកម្ពុជាបានទេ។
ដើមចមដែលធ្វើឱ្យមានការដាក់ផ្ទាំងអក្សនេះ គឺត្រូវបានធ្វើឡើងក្រោយសំណើររបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅកាន់ក្រសួងមហាផ្ទៃដែលគ្រប់គ្រងអគ្គនាយកដ្ឋានជំនាញដើម្បីដាក់ផ្ទាំងអក្សរ “Tourist Visa, Employment is not permitted” នៅតាមច្រកអន្តរជាតិទាំងអស់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល។
ឯកត្តមបន្ថែមថា “នេះជាយន្តការថ្មីមួយដែលធ្វើឱ្យគ្រប់ជនបរទេសដែលត្រូវបានលួងលោម និងបោកបញ្ឆោត ហើយមិនដឹងថាទិដ្ឋាការបស់គាត់មិនត្រូវបានអនុញ្ញាតឱ្យមកធ្វើការនៅប្រទេសកម្ពុជាដោយស្របច្បាប់ ជាពិសេសនោះ គាត់ងាយស្រួលប្តឹងទៅប៉ូលីសអន្តោប្រវេសន៍ដែលនៅក្បែរគាត់ ហើយអាចចាប់ឧក្រិដ្ឋជននៅទីនោះតែម្តង”។
បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ការធ្វើបែបនេះ ដើម្បីកុំឱ្យឧក្រិដ្ឋជនអាចបោកប្រាស់ជនបរទេសមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់បានតទៅទៀត ហើយការដាក់នេះ ក៏បង្ហាញទៅជនរងគ្រោះថាជនបរទេសនោះ ត្រូវបានគេបោកបញ្ឆោត។
ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់តាំងពាក្យនេះ បានបញ្ជាក់ពីឆន្ទៈនិងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធិតី ហ៊ុន ម៉ាណែត ចង់បង្ក្រាបឱ្យបានទាំងស្រុងនូវបទល្មើសនេះនាពេលអនាគតបើទោះណាបញ្ហានេះត្រូវការពេលវេលា ដោយសារជាបញ្ហាជាសកលក៏ដោយ៕