រដ្ឋលេខាធិការក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ W-Foundation ដើម្បីត្រៀមរៀបចំវេទិកាសកម្មភាពអាកាសធាតុពិភពលោក
ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ W-Foundation ដើម្បីត្រៀមរៀបចំវេទិកាសកម្មភាពអាកាសធាតុពិភពលោក (Global Climate Action 2024)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ឯកឧត្តមអគ្គនាយករង លោក លោកស្រី តំណាងនាយកដ្ឋានទាំង៥ ក្រោមឱវាទអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត។
ឯកឧត្តម ជួប ប៉ារីស៍ បានស្វាគមន៍នូវកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រុមការងារ W-Foundation ក្នុងការរៀបចំនូវវេទិកាដ៏មានសារៈសំខាន់នេះ ដែលចូលរួមបង្ហាញពីសមិទ្ធផលការងារលើវិស័យបរិស្ថាន ពិសេសបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការឆ្លើយនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជានិងសកល។
ឯកឧត្តមក៏បានស្នើឱ្យ W-Foundation រៀបចំឯកសារទស្សនទាន និងរបៀបវារ:ចុងក្រោយ របស់កម្មវិធីដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត និងសម្រេច សំដៅធ្វើយ៉ាងណាឱ្យការរៀបចំវេទិកានេះប្រព្រឹត្តទៅបានរលូន និងគ្រប់ជ្រុងជ្រោយ៕