ក្រុមអ្នកវិភាគសង្គម៖ ភាពស្និទ្ធស្នាលរវាងក្រសួងការងារនិងបណ្តាសហជីពគ្រប់និន្នាការគឺជាសញ្ញាណនៃសុខដុមនីយកម្មលើវិស័យការងារនៅកម្ពុជា
ភ្នំពេញ៖ ក្រុមអ្នកវិភាគមើលឃើញថាភាពស្និទ្ធស្នាលរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយបណ្តាសហជីពគ្រប់និន្នាការនៅក្នុងស្រុក ជាសញ្ញាណនៃការធ្វើឱ្យមានការដោះស្រាយបញ្ហារួមលើវិស័យការងារ កម្មករនិយោជិត ជៀសជាងវាយប្រហារគ្នាតាមរយៈរបាយការណ៍ និងសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដោយប្រយោល និងផ្ទាល់ ដល់ភាពសុខដុមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។
ការលើកឡើងបែបនេះបន្ទាប់ពីត្រូវបានគេមើលឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងមានជំនួបជារើយៗជាមួយបណ្តាសហជីពគ្រប់និន្នការនៅកម្ពុជា ដើម្បីជជែក ពិភាក្សាការងារ ដាក់បញ្ហានៅលើតុរកដំណោះស្រាយរួមមួយ។
មិនមែនលើកទី១ទេដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបជាមួយបណ្តាលមេដឹកនាំសហជីព ។ ដូចកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានជួបជាមួយបណ្តាសហជីពធំៗដូចជា លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ និង លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងបណ្តាសហជីពក្នុងស្រុកដ៏ទៃទៀត ។ នេះបើតាមក្រសួងការងារចេញផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។
ប្រការនេះហើយទើប លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាការខិតជិតរកគ្នារវាងភាគីសហជីព និងរាជរដ្ឋាភិបាលគឺជាសញ្ញាណមួយល្អណាស់ ពីព្រោះគ្មានអ្វីល្អជាងការដាក់បញ្ហានៅលើតុមូលហើយជជែករកតំណោះស្រាយនោះទេ ជាពិសេសនោះគឺភាគីទាំងពីរមានគោលបំណងក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតដូចគ្នា ។
លោកបណ្ឌិតបន្ថែម៖ « ការធ្វើបែបនេះគួរតែធ្វើបែបនេះតាំងតែពីដើម ក៏ប៉ុន្តែរឿងហួសឱ្យវាហួសទៅចុះ សំខាន់បច្ចុប្បន្នយើងគួរមានយន្តការបែបនេះក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលរដ្ឋកម្ពុជា ។ ការដាក់ក្បាលមេក្រូ ការប្រើវិធីហឹង្សា ការចេញរបាយការណ៍ទៅក្រៅហួសហេតុ មិនមែនជាដំណោះស្រាយល្អនោះទេ »។
ដោយឡែកលោក បណ្ឌិតយ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរដ្ឋាភិបាលដែលសុទ្ធតែជាអ្នកការពារប្រយោជន៍ជូនកម្មករដូចគ្នា អាចធ្វើការជាមួយគ្នាបានដោយរលូន និងបង្កើតឱ្យមានយន្តការធ្វើការជាមួយគ្នាជៀសជាងការប្រើវេទិកាផ្សេងៗក្នុងការវាយប្រហារគ្នាដែលសុទ្ធតែជះឥទ្ធិពល និងលទ្ធផលមិនល្អដល់វិស័យការងារនិយាយដាច់ដោយឡែក និងសង្គមជាតិនិយាយជារួម។
ដោយឡែក លោក បណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថាការខិតជិតរកគ្នារវាងសហជីពជាមួយរាជរដ្ឋាភិបាលនេះគឺជារឿងមួយល្អសម្រាប់និរន្តរភាពវិស័យការងារនៅកម្ពុជា ដែលសហជីព និងរាជរដ្ឋាភិបាលតែងមានភាពចម្រូងចម្រាស់រវាងគ្នា និងគ្នានាពេលកន្លងមក។
លោកបណ្ឌិតបន្ថែមថា ការធ្វើបែបនេះជារឿងត្រឹមត្រូវ និងមានយន្តការដោះស្រាយបញ្ហារួម ជៀសជាងធ្វើសកម្មភាពប្រឆាំងគ្នាដែលនាំឱ្យខូចខាតប្រយោជន៍ជាតិជារួម ជាពិសេសប៉ះពាល់ដល់កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រ ឧស្សាហកម្ម ដែលការងារនេះជាចំណូលបង្គោលសម្រាប់គ្រួសាររបស់ពួកគេ។
លោកបណ្ឌិតបានថ្លែងថា៖ «ជាពិសេសនៅក្នុងស្ថានការសេដ្ឋកិច្ចកំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែងដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។
ការលើកឡើងដូចនេះដោយសារលោកបណ្ឌិត បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែងតែធ្វើរបាយការណ៍រិះគន់ពីស្ថានភាពកម្មករនៅកម្ពុជាដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដ។ បើតាមលោកបណ្ឌិត សហជីពគួរតែអនុវត្តស្មារតីស្តីពច្បាប់ស្តីពីសហជីពដែលបានចែងឱ្យសហជីពជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ។
លោកបញ្ជាក់ថា៖ «…បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់ការវិនិយោគ ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ីគេរត់ទៅបណ្តាប្រទេសទាំងនោះហើយពីព្រោះប្រទេសទាំងនោះគេមានស្ថារភាពលើការគ្រប់គ្រងកម្មករហើយគេមានសុវត្ថិភាពជាង»។
ដោយឡែកលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងក្នុងជំនួបរវាង សហភាព និងសហព័ន្ធសហជីពចំនូន២០៥នៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា សហជីព គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិនិងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ហើយតម្រូវឱ្យសហជីពទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍសមត្ថភាពដើម្បីចូលរួមកសាងបរិយកាសអាជីវកម្មមួយដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនដល់កម្មករនិយោជិតឱ្យបានយូរអង្វែង៕