ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស លទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីនាពេលថ្មីៗនេះរវាង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានី
ហ្សាការតា កាលពីខែកញ្ញា ឆ្នាំមុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះភាពជោគជ័យរបស់ ប្រទេសឥណ្ឌូនេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២៣។
ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក រួមទាំងសន្តិសុខ នយោបាយនិងការពារជាតិ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ កីឡា វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមពេលវេលា សមស្រប និងសកម្មភាពរួមគ្នានានា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ នៅក្នុងឆ្នាំនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី មកសិក្សាពីឱកាសវិនិយោគ ដ៏មានសក្តានុពលនៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ការកែច្នៃស្រូវ ឃ្លាំង និងម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី៕