ឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ឯក ជូនសពលោកវរសេនីយ៍ទោ សុឹម វណ្ណៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំលោកស្នងការរង, លោកនាយ-នាយរងការិយាល័យ, លោកអធិការ មន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ឯក ជូនសពលោកវរសេនីយ៍ទោ សុីម វណ្ណៈ អធិការរងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ដែលបានទទួលមរណភាព (ដោយសារគ្រោះថ្នាក់ចរាចរណ៍) កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨៖៥២ នាទី។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានសព នៅភូមិសិង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់ជូននូវថវិកាមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់) និងនាំយកនូវបច្ច័យរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបច្ច័យចូលរួមពីថ្នាក់ដឹកនាំ និងកងកម្លាំងចំណុះស្នងការដ្ឋាន ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀលគត់) ថវិកាសរុបចំនួន ១២,០០០,០០០រៀល (ដប់ពីរលានរៀលគត់) និងគ្រឿងឧបភោគបរិភោគ មួយចំនួន ប្រគល់ជូន ក្រុមគ្រួសារ នៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕