ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
សូមជម្រាបថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ប្រវែង១២០០ម៉ែត្រ សម្រេចបានប្រមាណ ៦២% ដែលក្នុងនោះរួមមាន៖ ទី១)ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%, ទី២)ការងារបុកស្បាន់ផាយ (Spun Pile) សម្រេចបាន ១០០%, ទី៣)ការងារបុកស៊ីផាយសម្រេចបាន ៥០%, ទី៤)ការងារបេតុងអាមេសម្រេចបាន ១៥% និងទី៥)ការងារបំពេញដីសម្រេចបាន ៥%។ តាមគម្រោងការងារនេះនឹងបញ្ចប់ក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអាចសម្រេចកិច្ចការការពារច្រាំងទន្លេបាសាក់នេះតាមផែនការដែលបានគ្រោងទុកប្រកបដោយគុណភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ សិក្សាច្រាំងទន្លេបាសាក់នេះនៅផ្នែកខាងក្រោមការដ្ឋានដែលមានប្រវែងប្រមាណ ៣០០០ម៉ែត្រ គួរមានការសាងសង់បន្ត ដើម្បីទប់ស្កាត់ការហូរច្រោះនៃច្រាំងទន្លេបន្ថែមទៀត។
គួរបញ្ជាក់ថា ច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ត្រូវបានហូរច្រោះដោយចរន្តទឹកទន្លេបាសាក់ហូរបុក ជាដំណោះស្រាយបន្ទាន់ ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការការពារបណ្តោះអាសន្នក្នុងប្រវែង ១៥០ម៉ែត្រ ក្នុងកំឡុងខែសីហា ឆ្នាំ២០១៩។ ជាបន្ត ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានធ្វើការសិក្សាបច្ចេកទេសលំអិតបន្ថែមរហូតដល់ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ និងបានបន្តសាងសង់សំណង់ច្រាំងទន្លេបាសាក់ បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាលនេះ ប្រវែង ១២០០ម៉ែត្រ ជាសំណង់រឹងតែម្តង ៕