ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៥ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) យ៉ាងមហោឡារិក ក្រោមអធិបតីភាពរបស់ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈពង្រឹងគណបក្សចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង និងឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន។
៧ មករា ១៩៧៩ គឺជាកំណើតទី២ របស់លោកតាលោកយាយ ឪពុកម្ដាយ និងពូមីងបងប្អូនរបស់យើង ក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលកើតចេញពីការរួបរួមកម្លាំងរបស់យុទ្ធជនស្នេហាជាតិ។
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាទាំងមូល បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។
យើងទាំងអស់គ្នាចងចាំជានិច្ច នូវមហាគុណូបការៈនៃជ័យជម្នះ ៧មករា និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសុខសន្តិភាពជានិច្ចនិរន្តរ៍ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។
ឆ្លងកាត់រយៈពេល៤៥ឆ្នាំបន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ប្រជាជាតិមួយដែលរងការ សម្លាប់រង្គាល កម្លាំងជាតិមួយដែលត្រូវខ្សោះខ្សោយ រីងស្ងួតហួតហែង ត្រូវបានងើបឈរឡើងវិញយ៉ាងរឹង ប៉ឹងនិងស្រស់បំព្រង ប្រកបដោយមោទកភាពខ្ពស់បំផុត ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជនជាមួយ និងជាការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្រប់កាលៈទេសៈ នៅជាមួយប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
មហាជ័យម្នះ៧មករា ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅបំផុត ដែលបានបិទនូវ ទំព័រសករាជដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា និងបានបើកឡើងវិញនូវទំព័រសករាជថ្មី នៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងបានធ្វើឱ្យរាល់តម្លៃទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនជ្រុំជាយូរលង់ អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយនៃប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនោះ មានកេរ្តិ៍តំណែលវប្បធម៌ អរិយធម៌អង្គរដ៏រុងរឿងបានរស់ឡើងវិញ និងបន្តរីកចម្រើនឥតឈប់ឈរ។
មហាជ័យជម្នះ៧មករា គឺជាបុព្វការីនៃមហាសមិទ្ធផល ដែលប្រជាជនកម្ពុជាសម្រេចបាន ដូច មានអ្វីៗទាំងអស់នៅថ្ងៃនេះ ហើយផ្អែកលើមូលដ្ឋាននេះ បានបន្តធ្វើឱ្យមានគំនរសមិទ្ធផលនានាទៅថ្ងៃ អនាគត ស្របតាមសំណូមពរ និងក្តីសង្ឃឹមរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើង។
ឆ្លងកាត់រយៈពេលនៃការកសាង និងការពារមាតុភូមិរយៈពេល៤៥ឆ្នាំ ប្រជាជនកម្ពុជាយើង ដកស្រង់បាននូវមេរៀនពិសោធន៍ដែលត្រូវចងចាំច្រើនរាប់មិនអស់ ដើម្បីជៀសវាងកុំឱ្យមានដំណើរសារ ដើមនៃប្រវត្តិសាស្ត្រដ៏ជូចត់ដែលធ្លាប់មានពីអតីតកាល ហើយត្រូវខិតខំ ប្រឹងប្រែង ប្តេជ្ញារួមគ្នាការពារឱ្យបានគង់វង្សជារៀងរហូតនូវសុខសន្តិភាព និងការអភិវឌ្ឍនៃសង្គមជាតិយើងតទៅគ្រប់ៗជំនាន់។
គួររំលឹកដែរថា កាលពី៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ៕