សម្ដេចតេជោ ជំរុញការអនុវត្តនូវទិសដៅសំខាន់ៗចំនួន៨ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាតិ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រារព្ធពិធីអបអរសាទរ ខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវទិសដៅ៨ចំណុច ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។
សម្តេចតេជោ បានថា រយៈពេល៥ឆ្នាំខាងមុខនេះ គឺជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងន័យនេះសម្រាប់ឆ្នាំ ២០២៤នេះ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗចំនួន៨ ដូចខាងក្រោម៖
១- ការប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ព្រមទាំងការធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន។
២- ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យជនណាមកបំពារបំពានបានឡើយ។
៣- ការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន។
៤- ការបន្តរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាចីរភាពនៃកំណើនប្រកបដោយបរិយាបន្ន តាមរយៈ
ការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប និងការរក្សាស្ថិរភាពអាត្រាប្តូរប្រាក់ ព្រមទាំងជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងមុតស្រួច។
៥- ការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គមដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ននិងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។
៦- ការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាជាមួយគណបក្សចំនួន ២៧ ផ្សេងទៀត កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជាការជំរុញអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព។
៧- ការគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
៨- ការបន្តជំរុញអនុវត្តនូវនយោបាយការបរទេសដោយឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាមួយប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងការបន្តចូលរួមសកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងបញ្ហាប្រឈមនានានៃពិភពលោក៕