ថ្ងៃស្អែក! ឯកឧត្តម ហ៊ុន ម៉ានី នឹងអញ្ជើញសម្ពោធបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ កាលនៅពីកុមារ នៅខេត្តក្រចេះ
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅស្ពានពាមទេរ ស្ថិតនៅភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
រូបសំណាកនេះ សាងសង់ឡើងក្នុងគោលបំណងរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូបាធ្យាយ អប់រំទូន្មានប្រៀនប្រដៅ និងផ្គត់ផ្គង់ការសិក្សាដល់សម្តេចតេជោ ហ៊ុន សែន កាលនៅវ័យកុមារ ឱ្យមានចំណេះចេះដឹងក្លាយជាបញ្ញវន្ត និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃ ៕