ឯកឧត្តម វង សូត អញ្ជើញអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៥ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
មានវត្តមានក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក មន្ទីរ សិស្សានុសិស្ស និវត្តន៍ជន អតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធទូទាំងស្រុក សរុបប្រមាណជាង ៨០០នាក់។
មានប្រសាសន៍ទៅកាន់សមាជិកចូលរួមប្រមាណ៨០០នាក់ ឯកឧត្តម វង សូត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសពី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្ស ជូនប្រជាពលរដ្ឋស្រុកពញាក្រែក ក៏ដូចជាប្រជាពលរដ្ឋនៅទូទំាងប្រទេស និងបានបង្ហាញនូវក្តីសោមនស្សរីករាយជាទីបំផុត ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ៧មករាដ៏មហោឡារឹក ដែលប្រជាជនកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង៣លាននាក់។
ឯកឧត្តម វង សូត បានបញ្ជាក់ថា បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩ គឺគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើមបានធ្វើឱ្យប្រទេសកម្ពុជា និងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តម វង សូត ក៏បានធ្វើការគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត បានឧបត្ថម្ភដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋចំនួនជាង៨០០នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀលផងដែរ ៕