ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីជួបសំណេះសំណាលជាមួយ បងប្អូនកម្មករជាង១មុឺននាក់ ក្នុងស្រុកមណ្ឌលសីមា
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិតចំនួន ១១,០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា កម្មវិធីថ្ងៃនេះគឺក៏ជាលើកទី១១ ដោយមានបងប្អូនកម្មករ និយោជិត ចំនួន ១១,០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១, រោងចក្របង្គុំខ្សែភ្លើង ចំនួន ១, រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន ១, រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន ១។
គោលនយោបាយរបស់រាជរដ្ឋាភិបាលបានជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត ដោយបានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់គាត់ផ្ទាល់។
ក្នុងនោះដែរ បើយើងពិនិត្យទៅក្រោយបន្តិច គិតត្រឹមឆ្នាំ១៩៩៧ រោងចក្រ-សហគ្រាស មានត្រឹម ៦៤រោងចក្រ និងមានកម្មករនិយោជិត ត្រឹមប្រមាណ ៨ម៉ឺននាក់ តែគិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០,៨៤០រោងចក្រ និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧លាននាក់។
ជាមួយគ្នានេះរាជរដ្ឋាភិបាល បានបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពថែរក្សាសុខដុមនីយកម្មការងារ ផ្តល់អត្ថប្រយោជន៍នានា ជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ៕