អភិបាលខេត្តកំពង់ធំ ជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុក ខិតខំដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលា និងរួមគ្នាទប់ស្តាត់បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ត ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីលោក ពេជ្យ ថាល់ ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្តឡើងរាយការណ៍អំពីវឌ្ឍនៈភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ដែលបានអនុវត្តរយៈមួយខែកន្លងមកនេះ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើឲ្យប្រធាមន្ទីរអង្គភាពជុំវិញខេត្ត ពិនិត្យលើរបាយការណ៍នូវចំណុចខ្វះក្នុងរបាយការណ៍ ព្រមទាំងលើកឡើងនូវបញ្ហាផ្សេងៗដែលតែងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា អភិបាលក្រុងស្រុក ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាខិតខំដោះទំនាស់ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាព ជាពិសេសទប់ស្តាត់បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន និងទប់ស្តាក់ការកាប់ទន្ទ្រានដីតំបន់ និងបង្កើតក្រុមការងារចុះកំណត់ព្រំរវាងតំបន់២ និងតំបន់៣ និងព្រំដីដែលបានកាត់ឆ្វៀលរួចហើយឲ្យបានច្បាស់លាស់។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា អង្គភាពអ្នកនាំរបស់រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរជំនាញ សូមព្យាយាមឆ្លើយបំភ្លឺបញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ម្យ៉ាងវិញទៀត សូមប្រធានស្ថានប័នទាំងអស់ ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបន្តពង្រឹងស្ថាប័ន អភិវឌ្ឍន៍ស្ថាប័ន គោរពវិន័យការងារ និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលបានខិតខំបំពេញការងារ បំពេញក្នុងប្រអប់ដែលនៅសេសសល់ ៕