សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់ដែលជោគជ័យ ត្រូវការកត្តាធំៗចំនួន៤
ភ្នំពេញ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីកំណែទម្រង់ទទួលបានជោគជ័យ ត្រូវការកត្តាធំៗចំនួន៤ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ចំនួន១៦៩១នាក់ នៅមជ្ឈមណ្ឌលសន្និបាត OCIC នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីបញ្ជាក់ថា ដើម្បីកំណែទម្រង់ទទួលបានជោគជ័យ ត្រូវការកត្តាធំៗចំនួន៤ គឺទី១-ត្រូវមានចក្ខុវិស័យច្បាស់លាស់ ផ្អែកលើប្រយោជន៍ជាតិ ប្រជាជន, ទី២-ការប្តេជ្ញាចិត្តខ្ពស់ពីអ្នកអនុវត្តដែលថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តន៍, ទី៣-ការចូលរួមដោយស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាជន និងទី៤-ការលះបង់ ដើម្បីប្រយោជន៍រួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្លងកាត់ការធ្វើកំណែទម្រង់ដោយជោគជ័យ លើការរៀបចំការប្រឡងសញ្ញាបត្របាក់ឌុប របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឱ្យមានសុក្រឹតភាពក្នុងការប្រឡងប្រជែង សម្តេចជឿជាក់ថា ប្រជាពលរដ្ឋច្រើនលើសលប់ នឹងបន្តគាំទ្រការធ្វើកំណែទម្រង់នេះ ៕