សម្ដេចធិបតី សរសើរក្រសួងអប់រំ សហការគ្នាយ៉ាងល្អជាមួយភាគីអ្នកពាក់ព័ន្ធ រៀបចំការប្រឡង បាក់ឌុបដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានល្អប្រសើរគួរជាទីមោទនៈ។
ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន១,៦៩១នាក់ នៅថ្ងៃទី៩ មករា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ក្នុងការរៀបចំ និងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ និងការប្រឡងសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត៣ ដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទន» ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ជាវឌ្ឍន៍ភាពមួយដ៏ល្អប្រសើរនៃការធ្វើកំណែទម្រង់ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់» ចាប់តាំងពីឆ្នាំ២០១៤ ពោលដែលមានរយៈពេលជិត១០ឆ្នាំ ខណៈគ្រាដំបូងនៃការធ្វើកំណែទម្រង់នេះ អ្នកជាប់មានចំនួនតិចប្រមាណ២០ភាគរយ ហើយប្រឡងដល់ទៅ២ដងឯណោះ។
ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះតាមបណ្ដារាជធានី-ខេត្ត ដែលបានចូលរួមជំរុញដល់កិច្ចការងារប្រឡង និងបង្កលក្ខណៈក្នុងការរៀបចំត្រៀមប្រឡង ហើយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងបរិស្ថាន ជួយទំនុកបម្រុងដល់សាលារៀននៅតាមមូលដ្ឋានជាច្រើន ៕