សម្ដេចធិបតី៖ ការអប់រំមនុស្ស មិនមែនដើម្បីតែចំណេះដឹង បទពិសោធន៍ការងារ តែក៏ដើម្បីអប់រំឥរិយាបទផង នេះហើយជាគោលដៅនៃការអប់រំ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការអប់រំមនុស្ស មិនមែនដើម្បីតែចំណេះដឹង បទពិសោធន៍ការងារ តែក៏ដើម្បីអប់រំឥរិយាបទផង នេះហើយជាគោលដៅនៃការអប់រំ ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២២-២០២៣ សរុប១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស១៨នាក់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ ពិតណាស់ ការលើកកម្ពស់ជីវភាពប្រជាជនក៏ជាគោលដៅធំរបស់យើង ប៉ុន្តែវាមិនជាជ្រុងតែ១នោះទេ។ គោលដៅនៃការអប់រំ គឺមានគោលដៅ៤ ឬហៅថា «ចតុស្ដម្ភ» គឺអប់រំមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ រស់នៅក្នុងប្រកបដោយសុខដុមរមនា អប់រំមនុស្សឱ្យចេះដឹង មានចំណេះ ជំនាញ យល់អំពីស្ថានភាពជុំវិញខ្លួន អាចសម្រេចចិត្តដោយគ្រប់ជ្រុងជ្រោយ រៀនដើម្បីចេះធ្វើ បង្កើតជំនាញបំនិនដើម្បីធ្វើការងារបានពិតប្រាកដ។ នេះជាគោលដៅនៃការអប់រំ មិនមែនតែដើម្បីជំនាញរឹងមួយមុខនោះទេ តែក៏ដើម្បីជំនាញទន់ផងដែរ។
សម្ដេចធិបតី បញ្ជាក់ថា «ការអប់រំមនុស្ស មិនមែនដើម្បីតែចំណេះដឹង បទពិសោធន៍ការងារ តែក៏ដើម្បីអប់រំឥរិយាបទផង នេះហើយជាគោលដៅនៃការអប់រំ។ ដូច្នេះអប់រំមនុស្សម្នាក់ មិនមែនត្រូវតែឱ្យគាត់ចេញទៅ មានការងារធ្វើ បានប្រាក់ខែខ្ពស់នោះទេ តែពួកគាត់ក៏អាចចូលរួមកសាងសង្គម ការងារស្ម័គ្រចិត្ត ដោយមិនគិតពីផលប្រយោជន៍។ ប្រសិនបើគិតតែពីផលប្រយោជន៍ នោះនឹងបាត់គោលដៅ៣ទៀត ពិសេសបាត់សីលធម៌ បាត់ភាពជាពលរដ្ឋ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឭកដែរថា រាជរដ្ឋាភិបាលបានផ្ដោតលើមុំអាទិភាពចំនួន៥ ក្នុងការកសាងមូលធនមនុស្សឱ្យរឹងមាំ ក្នុងនោះរួមមាន៖ទី១. ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា, ទី២. ការផ្ដល់ជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង, ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ៕