ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត និងគោរពវិន័យកីឡា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឱ្យក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារនៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ចូលសម្តែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាឱកាសនោះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំឱ្យក្រុមកីឡាបាល់ទះទាំងអស់ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត គោរពវិន័យកីឡា និងបានឧបត្ថម្ភនូវសម្ភារៈមួយចំនួនដូចជា អាវស្បែកជើង និងកាបូបស្ពាយ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ “តេជោលីគ” ឆ្នាំ២០២៤ នាពេលខាមុខ ក៏ដូចជាការប្រកួតផ្សេងៗជាមួយថ្នាក់ជាតិ និងអន្តរជាតិនាផងដែរ៕