ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារទី០៩ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ ធ្នាប់ សុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ ផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ ពិសេសការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ប្រកបទៅដោយ គុណភាព និងតម្លាភាព, ពង្រឹងវិន័យកងកម្លាំង និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់ជូននូវសៀវភៅ ស្តីពីការអនុវត្តការងារនគរបាលនិងសហគមន៍ ឆ្នាំ២០២៤ ដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ផងដែរ ៕