រដ្ឋមន្រ្តីយុត្តិធម៌៖ សំណុំរឿងចំនួន៣ នឹងត្រូវកំណត់ជាអាទិភាព សម្រាប់យន្តការដោះស្រាយដោយម៉ឺងម៉ាត់បំផុត
ភ្នំពេញ៖ ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មានប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា សំណុំរឿងចំនួន៣ នឹងត្រូវកំណត់ជាអាទិភាព សម្រាប់យន្តការដោះស្រាយដោយម៉ឺងម៉ាត់បំផុត នោះគឺ សំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដាច់ខាត និងគោលការណ៍ ដែលត្រូវប្រកាន់យកចាប់ពីពេលនេះតទៅ សម្រាប់សំណុំរឿងចំនួន៣ប្រភេទ ទី១.សំណុំរឿងក្តីគ្រឿងញៀន ទី២. សំណុំរឿងក្តីទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ និងទី៣. សំណុំរឿងក្តីពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន”។
ឯកឧត្ដមបន្តថា ការងារអាទិភាពទាំងនេះ គឺប៉ះពាល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ប្រជាពលរដ្ឋរងគ្រោះផ្ទាល់ ហើយដែលត្រូវទទួលយកការទទួលខុសត្រូវខ្ពស់មួយ ចំពោះមុខប្រជាជនចំពោះការដោះស្រាយបញ្ហាប្រឈមទាំងនេះ ប្រកបដោយភាពម៉ឺងម៉ាត់ និងដាច់ខាត៕