មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០៖ នាយទាហាន ពលទាហានទាំងអស់ ក្នុងអង្គភាព ដាច់ខាតមិនឱ្យមានការជួញដូរ ឬប្រើប្រាស់គ្រឿងញៀនឡើយ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលក្នុងពិធីគោរពទង់ជាតិត្រួតពិនិត្យចំនួទ័ពប្រចាំសប្ដាហ៍ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលទាំងអស់លើបញ្ហាប្រើប្រាស់ឬជួញដូរគ្រឿងញៀនគ្រប់ប្រភេទប្រសិនបើមាន។ ការប្រើប្រាស់ឬជួញដូរគ្រឿងញៀនខុសច្បាប់ នឹងបង្កឱ្យមានផលអវិជ្ជមានជាច្រើនដល់សង្គមជាតិទាំងមូល។
នៅក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ ឈរ សុខ បានសង្កត់ធ្ងន់ នូវសេចក្ដីណែនាំរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងកងយោធពលខេមរភូមិន្ទ។ លើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងផលប៉ះពាល់នៃគ្រឿងញៀន ប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន អង្គភាពត្រូវតែបណ្ដេញចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទភ្លាម។
នៅចុងបញ្ចប់ឧត្តមសេនីយ៍ទោ ឈរ សុខ បានកោតសរសើរដល់កងកម្លាំងទាំងអស់របស់អង្គភាពដែលកន្លងមក គឺមិនមានករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនឡើយ ដូចច្នេះសូមអស់លោកជា នាយទាហាន នាយទាហានរង និងពលទាហានបន្តជួយអប់រំដល់ក្រុមគ្រួសារត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ៕