ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Lee Yong Ho នាយកផ្នែកថាមពលកកើតឡើងវិញ នៃក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមជម្រាបថា ជំនួបពិភាក្សាការងារនាពេលនេះ គឺផ្តោតលើកិច្ចសហប្រតិបត្តិការនានារបស់ក្រុមហ៊ុនជាមួយក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសលើកិច្ចការងារអាទិភាពវិស័យធនធានទឹកដែលក្រសួងបានដាក់ចេញនិងគ្រោងអនុវត្តនាពេលខាងមុខ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ដល់ប្រតិភូក្រុមហ៊ុនកូរ៉េ និងបានអបអរសាទរចំពោះក្រុមហ៊ុន SHINSUNG E&G Co., Ltd ដែលបានទទួលជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការនាំមកនូវបច្ចេកវិទ្យាបៃតង ដើម្បីជួយប្រទេសកម្ពុជាក្នុងការកសាងភាពធនទប់ទល់នឹងការប្រែប្រួលអាកាស។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនកូរ៉េ អំពីការងារអាទិភាពរបស់ក្រសួងក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្តិសុខទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តំណាងគណៈប្រតិភូក្រុមហ៊ុនកូរ៉េ លោក Lee Yong Ho បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។
លោក Lee បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ក្រុមហ៊ុនលោកជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ ជាច្រើននៅកូរ៉េ ដែលចាប់ដំណើរការតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះមានបទពិសោធន៍ ៤៥ឆ្នាំក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងអាជីវកម្មបរិស្ថានស្អាត(Clean Environment Business)។
ឆ្លៀតក្នុងឱកាសនេះដែរ តំណាងក្រុមហ៊ុនក៏បានធ្វើបទបង្ហាញអំពីគម្រោងសាកល្បងនៃការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពដើម្បីកសាងភាពធនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង ដើម្បីស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីផងដែរ។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារបានបញ្ចប់ដោយភាពរីករាយ និងសិទ្ធស្នាល ខណៈភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានានៅពេលខាងមុខ៕