រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ីពិភាក្សាអំពីស្ថានភាពសមុទ្រក្រហម ជម្លោះនៅតំបន់ហ្គាហ្សា
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសមុទ្រក្រហម ចំពេលមានភាពតានតឹងកើនឡើងពាសពេញតំបន់។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយនៃជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប និងបញ្ហាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី រួមទាំងការបញ្ចប់សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោក Amir-Abdollahian បានឲ្យដឹងថា ការវិវឌ្ឍន៍នៅសមុទ្រក្រហមមានទំនាក់ទំនងគ្នាជាមួយស្ថានភាពនៅហ្គាហ្សា និងអាកប្បកិរិយារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះប៉ាឡេស្ទីន ខណៈពេលដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាសន្តិសុខដឹកជញ្ជូនអន្តរជាតិ។
អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ក៏បានលើកឡើងពីភាពចាំបាច់ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងការសម្លាប់ប្រជាជនប៉ាឡេស្ទីនដែលត្រូវគេជិះជាន់។
សម្រាប់ផ្នែករបស់គាត់ លោក Lavrov បានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ ចំពោះការវាយប្រហារ ភេរវករ នៅទីក្រុង Kerman ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ៣ ខែមករា ដែលបានសម្លាប់មនុស្សជាង ៩០ នាក់ និងជាច្រើននាក់ទៀតរងរបួស។
លោកបានលើកឡើងថា ប្រទេសរបស់លោកមានឆន្ទៈចង់ឃើញការស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់ ការបញ្ចប់សង្គ្រាមនៅហ្គាហ្សា និងការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសដើម្បីបញ្ចប់សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនរវាងភាគីទាំងពីរ។