ណាតូ សន្យាផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចសំខាន់បន្ថែមទៀតដល់អ៊ុយក្រែន
ប្រ៊ុចសែល៖ អង្គការណាតូបានឲ្យដឹងថា សម្ព័ន្ធមិត្តណាតូក្នុងជំនួបជាមួយអ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងបន្តផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌សំខាន់ៗដល់ប្រទេសនេះ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី ដែលមានរយៈពេលជិតពីរឆ្នាំ។ នៅថ្ងៃពុធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីសន្និសីទតាមវីដេអូ អង្គការណាតូបានបន្ថែមថា រដ្ឋជាសមាជិកបានគូសបញ្ជាក់ពីផែនការក្នុងការផ្តល់ សមត្ថភាពបន្ថែមរាប់ពាន់លានអឺរ៉ូ នៅឆ្នាំ ២០២៤ ដល់អ៊ុយក្រែន។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា ណាតូថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ទៅលើជនស៊ីវិលអ៊ុយក្រែន រួមទាំងអាវុធពីកូរ៉េខាងជើង និងអ៊ីរ៉ង់។
នៅពេលដែលទីក្រុងម៉ូស្គូបង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុង និងជនស៊ីវិលរបស់អ៊ុយក្រែន សម្ព័ន្ធមិត្តណាតូកំពុងបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែន។
អ៊ុយក្រែនត្រូវបានតំណាងនៅឯការប្រមូលផ្តុំតាមអ៊ីនធឺណិតដោយឧត្តមសេនីយ៍ឯក Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសរបស់ Kyiv និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Oleksii Serhieiev ។
រុស្ស៊ីបានបង្កើនការវាយប្រហារកាន់តែខ្លាំងក្នុងអំឡុងពេលចូលឆ្នាំថ្មី ហើយបានវាយលុកទីក្រុងធំជាងគេចំនួនពីររបស់អ៊ុយក្រែន គឺ Kyiv និង Kharkiv កាលពីដើមខែនេះក្នុងការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងថ្មី។
ប្រភព៖ REUTERS
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង