សម្ដេចធិបតី ក្រើនរំលឹកដល់ស្ដ្រីដែលប្រកបរបរលក់ដូរ តាមអនឡាញ មិនត្រូវធ្វើឲ្យបាត់បង់តម្លៃ និងសេចក្ដីថ្លៃថ្នូរជាស្ដ្រីខ្មែរឡើយ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារក្រើនរំលឹកជាថ្មី ដល់ស្ដ្រីដែលប្រកបរបរលក់ដូរ ឬផ្សព្វផ្សាយផលិតផលតាមអនឡាញមួយចំនួន មិនត្រូវធ្វើឲ្យបាត់បង់តម្លៃ និងសេចក្ដីថ្លៃថ្នូរជាស្ដ្រីខ្មែរឡើយ។
សម្ដេចធិបតីបន្តថាកន្លងទៅនេះស្ដ្រីអ្នកផ្សព្វផ្សាយផលិតផលតាមអនឡាញមួយចំនួន ត្រូវបានឃាត់ខ្លួនក្រោយផ្សព្វផ្សាយជ្រុលហួសហេតុពេក នៅតាមបណ្ដាញសង្គម ដែលនាំឲ្យប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសកម្ពុជាអភិវឌ្ឍន៍រីកចម្រើន ឈានដល់កម្រិតណាក៏ដោយនោះ ប៉ុន្ដែអត្តសញ្ញាណ មិនត្រូវលុបបំបាត់នោះទេ ពោលពិភពលោកបានធ្វើសកលភាវូបនីយកម្ម នៅស្ដង់ដារសម្ភារ ស្ដង់ដារនៃការសិក្សា ស្ដង់ដារនៃតម្លៃទីផ្សារ ការអនុវត្តគោលនយោបាយទីផ្សារសេរី ការអនុវត្តលទ្ធិប្រជាធិបតេយ្យមួយចំនួន ប៉ុន្ដែនៅលើពិភពលោកនៃគ្មានស្ដង់ដារណាមួយដែលឲ្យអនុវត្តគ្រប់ប្រទេសទាំងអស់គ្នាទេ គឺត្រូវគោរពនូវតម្លៃនៃមូលដ្ឋាន៕