សម្តេចធិបតី៖ កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសាខាភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ដែលជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច។។
សម្ដេចធិបតី គូសបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មនិងធុរកិច្ច ព្រមទាំងទទួលបានតួនាទីកាន់តែច្រើននៅក្នុងសមាសភាពស្ត្រីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិតទាំងនៅក្នុងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ។
សម្ដេចធិបតីបានអះអាងថា បច្ចុប្បន្នេះ ស្ត្រីនៅក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្តក្នុងវិស័យមុខងារសាធារ ណៈមានចំនួន២៧ភាគរយ និងមន្ត្រីរាជការជាស្ត្រីមានចំនួន ៤២ ភាគរយ។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ទៀតថា វត្តមាននិងភាពជោគជ័យរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ នៅក្នុងធុរកិច្ច ក្នុងសិល្បៈ កីឡា នៅក្នុងវិស័យសន្តិសុខ ការពារជាតិ ក៏ដូចជាតួនាទីនៅក្នុងការដឹកនាំ កាន់តែមានការរីកចម្រើន និងកាន់តែកើន ដែលនេះបញ្ជាក់ថាបើសិនជាផ្ដល់ឱកាសស្មើគ្នាស្ត្រីក៏មាននៅក្នុងការទាញយកនូវសក្ដានុពលដែលអាចធ្វើបាននិងមានជោគជ័យ៕