រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតីជាប្រមុខដឹកនាំ នឹងបន្តវះកាត់ ចំពោះមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រយោជន៍ជាតិ និងប្រជាជន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការវះកាត់ (អភិក្រមទី៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី១២ មករានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែក ទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ» ។
ជាមួយគ្នានោះសម្ដេចធិបតី សង្ឃឹមថាមន្ត្រីទាំងអស់របស់ រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
សម្ដេចបញ្ជាក់យ៉ាងដូច្នេះថា «ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន» ៕