ក្រសួងធនធានទឹក អំពាវនាវឲ្យប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអំពាវនាវឲ្យដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីអាកាសធាតុ បន្តរដូវប្រាំងដល់ ដើមខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណៈជនឱ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុបន្ត នៅក្នុងរដូវប្រាំងដូចខាងក្រោម៖
១-សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។
២-ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ ផ្ដើមយឺត (យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។
ក្រសួងបញ្ជាក់ថា «យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក» ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន ៕