សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។
តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធី ចម្រើនជន្មាយុរបស់សម្តេចក្រឡាហោម ខ្ញុំ និងភរិយាសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយនូវអំណរសាទរ និងពរជ័យសិរីមង្គលដ៏មហាប្រសើរជូនចំពោះសម្តេច សូមបានប្រកបដោយ សុខភាពល្អ បរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងជន្មាយុយឺនយូរ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះ ការខិតខំប្រឹងប្រែងក្នុងបុព្វហេតុបម្រើជាតិមាតុភូមិនិងការពារ ថែរក្សាសន្តិភាព ស្ថេរភាពសង្គម ពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការពារសន្តិសុខនិងសុវត្ថិភាពសង្គមជាតិទាំងមូល។
សម្តេចតេជោ ក៏បានបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរ មហាប្រសើរគ្រប់ប្រការជូន ចំពោះសម្តេចក្រឡាហោម និងលោកជំទាវ បុត្រា បុត្រី ចៅៗជាទីស្រលាញ់ សូមបានប្រកបដោយពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕