វត្តមានសម្តេចធិបតី នៅក្រៅប្រទេស ជាការដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីទៅវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីទៅវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ថ្លែងចេញពីទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវធ្វើឡើងនៅលើយន្តហោះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា វេទិកាពិភពលោកសេដ្ឋកិច្ច គឺជាវេទិកាមួយ ដែលបណ្ដុំថ្នាក់ដឹកនាំកំពូល ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងធុរកិច្ច មកប្រមូលគ្នា ហើយសម្តេចតេជោ ហ៊ុន សែន តែងតែចូលជាប្រចាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមវេទិកានេះ ដើម្បីបង្ហាញអំពីគោលនយោបាយរបស់កម្ពុជាមួយចំនួន ពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ច ធុរកិច្ចពិភពលោក ក្នុងនាមជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជំហររបស់កម្ពុជា។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចូលរួមពិភពលោកសេដ្ឋកិច្ចនេះ ដើម្បីទៅផ្សព្វផ្សាយអំពីគោលនយោបាយរបស់កម្ពុជា ក្នុងការចូលរួម និងធានានូវបរិស្ថានធុរកិច្ចផ្សេងៗ ដើម្បីទាក់ទាញសេដ្ឋកិច្ច និងដើម្បីបង្កើតទំនាក់ទំនង ដើម្បីទាក់ទាញជួបជាមួយបណ្ដាធុរកិច្ចផ្សេងៗ ដែលនៅទីនេះ៕