សម្ដេចធិបតី ផ្ដាំទៅអ្នករិះគន់កុំមើលស្រាលពលរដ្ឋខ្មែរខ្លួនឯង
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប មិនមែនជាការទិញទឹកចិត្តប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ ហើយផ្ដាំទៅអ្នកដែលរិះគន់រាល់ជំនួបនានានៅក្រៅប្រទេសថា ជាការទិញទឹកចិត្តនោះ ប្រៀបដូចជាការមើលស្រាលប្រជាពលរដ្ឋខ្មែរខ្លួនឯង។
នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្ដេចធិបតី បានអះអាងថា ជំនួបជាមួយប្រជាពលរដ្ឋរស់នៅពេលនេះ ជាការស្វែងយល់អំពីសុខទុក្ខ និងជម្រាបអំពីការវិវឌ្ឍនានានៅប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ប្រជាពលរដ្ឋខ្មែររស់នៅទីណាក៏ដោយ មិនថាចេញមកក្រៅប្រទេសដោយស្ថានភាពណានោះទេ ពោលនៅតែមានចិត្តគិតអំពីប្រទេសជាតិទាំងអស់ ហើយជាក់ស្ដែងសម្ដេចខ្លួនឯងផ្ទាល់ធ្លាប់សិក្សារៀនសូត្រនៅក្រៅប្រទេស ដូច្នេះដឹងច្បាស់ណាស់អំពីស្ថានភាពទាំងអស់នេះ នៅពេលខ្លួនចាកចេញពីប្រទេសកំណើត។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបន្ថែមទៀតថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលនៅពេលនេះ អ្នកខ្លះបានធ្វើដំណើររហូតដល់ជាង១០ម៉ោងឯណោះ ទើបមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពោលមកពីប្រទេសឆ្ងាយ ដូចជា ប៊ែលហ្សិក ស៊ូរិកជាដើម។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារយុវជននៅក្រៅប្រទេស និងអ្នកពាក់ព័ន្ធ ដែលសហការគ្នាបានល្អ ក្នុងការរៀបចំជំនួបសំណេះសំណាល នាពេលនេះ ដែលមានអ្នកចូលរួមប្រមាណជាង២ពាន់នាក់៕