ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង នៃការរៀបចំយុទ្ធសាស្រ្ត “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំសហការីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភាក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។
ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារវិស័យទេសចរណ៍ នៅកម្ពុជា រួមទាំងនិន្នាការទេសចរណ៍តំបន់ និងពិភពលោក ព្រមទាំងបានលើកឡើងពីសារៈសំខាន់ និងការអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” និងទិសដៅយុទ្ធសាស្ត្រផ្សេងៗទៀតរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៅឆ្នាំ២០២៤ និងទៅអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការជំរុញការ ដាក់អោយដំណើរការក្រុមប្រឹក្សាទេសចរណ៍កម្ពុជា (CTB) ដែលជាទិសដៅអាទិភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង រដ្ឋ-ឯកជន-ប្រជាជន និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ឱ្យក្លាយជាគោលដៅសាកលឈានមុខដែលមានសុវត្ថិភាព ការប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ន។
ជាមួយគ្នានេះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង នៃការរៀបចំយុទ្ធសាស្រ្ត “បង្កើន៥ និងអភិវឌ្ឍ៣” និងទិសដៅយុទ្ធសាស្ត្រផ្សេងៗទៀតរបស់ ក្រសួងទេសចរណ៍ដែលមានលក្ខណគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពខ្ពស់ពីសមាជិករដ្ឋសភា ៕