WFP ប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងដំណើរការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
ភ្នំពេញ៖ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្តេជ្ញានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងដំណើរការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិលើកទី៣ (២០២៤-២០២៨) ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Claire Conan តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា។
ក្នុងជំនួបនេះ លោកស្រី Claire Conan បានកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលសមិទ្ធផលនេះកើតចេញការដឹកនាំ និងសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដោយផ្ទាល់។
លោកស្រី Claire Conan បានលើកឡើងអំពីផែនការយុទ្ធសាស្រ្តសម្រាប់ប្រទេសកម្ពុជា ២០២៤-២០២៨ របស់អង្គការស្បៀងអាហារពិភពលោក ដែលស៊ីគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងដែលត្រូវយកមកសហការអនុវត្តជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យបាននូវគោលដៅក្លាយជាប្រទេសមានចំណូលលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
លោកស្រីបានលើកឡើងថា បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ សុទ្ធសឹងតែបង្កឲ្យមានបញ្ហាសុខភាព និងបង្កជាជម្ងឺផ្សេងៗ ពិសេសជំងឺមិនឆ្លងដែល ធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិយ៉ាងច្រើន។
លោកស្រី ក៏បានជម្រាបជូនអំពីសកម្មភាពការងារមួយចំនួនរបស់អង្គការស្បៀងអាហារពិភពលោកនៅប្រទេសកម្ពុជា រួមមាន ការលើកកម្ពស់នូវរបបអាហារ និងអាកប្បកិរិយានៃការទទួលទានអាហារដែលល្អសម្រាប់សុខភាព ការបញ្ចូលនូវមី្រកូសារជាតិទៅក្នុងអាហារ និងការធ្វើឱ្យប្រព័ន្ធស្បៀងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយរៀបចំនូវយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាដើម។
លោកស្រី បានគូសបញ្ជាក់ថាក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ គឺជាដៃគូជាមួយអង្គការ WFP រយៈពេលជាង១៥ឆ្នាំមកហើយ ហើយ WFP នឹងបន្តកិច្ចសហការនេះបន្តទៀត ដើម្បីសម្រេចឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិលើកទី៣(២០២៤-២០២៨)។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់អង្គការស្បៀងអាហារពិភពលោក ដែលតែងតែគាំទ្រ និងសហការយ៉ាងល្អជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើវិស័យសន្តិស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា និងគាំទ្រដល់ការលើកឡើងខាងលើរបស់លោកស្រី Claire Conan។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា តួនាទីរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ក្នុងរយៈពេលជាយូរកន្លងមកនេះ បានរួមចំណែកដ៏សំខាន់ដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានត្រៀមខ្លួនជាស្រេចក្នុងការបន្តការគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ WFP បន្តទៀត។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានស្នើសុំអង្គការស្បៀងអាហារពិភពលោកបន្តគាំទ្រដល់ដំណើរការតាក់តែង អនុវត្ត និងវាយតម្លៃយុទ្ធសាស្រ្តជាតិលើកទី៣(២០២៤-២០២៨) ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា៕