រដ្ឋមន្ត្រីធនធានទឹក អញ្ជើញបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអាជ្ញាធរទន្លេសាបឆ្នាំ២០២៣ និងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២៤
ភ្នំពេញ៖ នៅថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំវាយតម្លៃការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣ ពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរទន្លេសាបនិងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រី និងមន្ត្រីរាជការ នៃអាជ្ញាធរទន្លេសាបទាំងអស់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអាជ្ញាធរទន្លេសាប បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះឯកឧត្តម លោក លោកស្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នារសៀលនេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចចុះអនុវត្តសកម្មភាពការងាររយៈពេល១ឆ្នាំកន្លងទៅនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បើទោះបីឆ្នាំ២០២៣ ប្រទេសកម្ពុជាទើបឆ្លងផុតពីវិបត្តិជំងឺកូវីត១៩ និងវិបត្តិសង្រ្គាមនៅតាមបណ្តាប្រទេសមួយចំនួនដែលបានធ្វើឱ្យសេដ្ឋកិច្ចនៅទូទាំងសាកលលោកធ្លាក់ចុះខ្លាំងក៏ដោយ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីពិនិត្យតាមដានពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន ព្រមទាំងស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកទិសដៅ និងរៀបចំផែនការសកម្មភាពការងារសម្រាប់អនុវត្តឆ្នាំ២០២៤ ដោយអនុលោមតាមផែនការយុទ្ធសាស្រ្ត ៥ឆ្នាំរំកិល២០២៤-២០២៨ របស់អាជ្ញាធរទន្លេសាប ស្របតាមអាណត្តិថ្មីនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់ថា ឯកឧត្តម លោក លោកស្រី ជាទីប្រឹក្សា និងប្រធាននាយកដ្ឋានទាំងអស់នឹងចូលរួមយ៉ាងសកម្ម ពិនិត្យ ពិភាក្សាលើលទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមនានា តាមរយៈការធ្វើបទបង្ហាញ ដើម្បីឱ្យកិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កាតាមការរំពឹងទុក ជាពិសេសទិសដៅ និងផែនការបន្តអនុវត្តរបស់អាជ្ញាធរទន្លេសាបសម្រាប់ឆ្នាំ២០២៤។
សូមជម្រាបថា អាជ្ញាធរទន្លេសាប ជាអង្គភាពថ្នាក់ជាតិដែលមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍ប្រកបដោយនិរន្តរភាព។ ដោយចាប់បង្កើតឡើងក្នុងឆ្នាំ២០០៧ អាជ្ញាធរអាងទន្លេសាប បានប្តូរឈ្មោះជាអាជ្ញាធរទន្លេសាបវិញក្នុងឆ្នាំ២០០៩។ អាជ្ញាធរទន្លេសាបបានដើរតួនាទីជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានអាណត្តិការងារក្នុងការសម្របសម្រួលដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប។ អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបមាននាយកដ្ឋានចំនួន៤ និងការិយាល័យចំនួន១៤ ចំណុះឱ្យនាយកដ្ឋាន។ នាយកដ្ឋានទាំង៤ ដែលជាសេនាធិការមាន៖ នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នាយកដ្ឋានធនធានធម្មជាតិ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ។
គួរបញ្ជាក់ថា បឹងទន្លេសាបជាបឹងទឹកសាបធម្មជាតិធំជាងគេបំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងជាមរតកសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជាដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ បឹងទន្លេសាបមានទំនាក់ទំនងជាមួយទន្លេមេគង្គតាមរយៈទន្លេសាប ដែលជាប្រព័ន្ធផ្លូវទឹកមួយដ៏សំខាន់ក្នុងការទទួលឥទ្ធិពលរបបទឹកពីទន្លេមេគង្គ។ បឹងទន្លេសាបជាប្រព័ន្ធអេកូឡូស៊ីធម្មជាតិប្រកបដោយសក្តានុពលក្នុងការផ្តល់នូវផលិតភាពខ្ពស់ និងផ្គត់ផ្គង់នូវប្រូតេអ៊ីនបាន ៦០% សម្រាប់ប្រជាជនកម្ពុជា និងជាទីកន្លែងជម្រកដ៏សំខាន់នៃជីវចម្រុះគ្រប់ប្រភេទដែលអាចជួយទ្រទ្រង់ដល់ផលិតភាព ត្រី ស្រូវ កសិកម្ម និងធនធានដីសើមដ៏ច្រើន។ ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ដល់សន្តិសុខស្បៀង និងផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ៕