ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអភិបារងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ ព្រមទាំងប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាច្រើនរូបទៀត។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តស្វាយរៀង បាននឹងកំពុងដំណេីការនៅតាមបណ្តាក្រុង-ស្រុកគោលដៅមួយចំនួន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចំពោះមុខដើម្បីឆ្លើយតបបញ្ហានេះ មន្រ្តីជំនាញពាក់ព័ន្ធត្រូវបន្តការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានសម្រេចមុនផែនការកំណត់ គឺត្រូវលើកយកបញ្ហាប្រឈម និងការខ្វះខាត ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការងារចុះបញ្ជីដីធ្លី ទទួលបានលទ្ធផលល្អ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាមួយគ្នានេះ ក្បាលដីរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងដែលមិនទាន់បានដាក់ពាក្យស្នើសុំចុះបញ្ជីដីនៅឡើយនោះ ត្រូវឲ្យបងប្អូនចូលរួមជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងការបំពេញបែបបទលិខិតបទដ្ឋានផ្សេងៗឱ្យបានត្រឹមត្រូវ។
ឯកឧត្តមអភិបាលខេត្ត បានស្នេីឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់ត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុង ការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដេីម។ ទន្ទឹមនេះក៏សូមលើកនូវទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន និងស្តាប់ពីការផ្សព្វផ្សាយណែនាំក្នុងកិច្ចប្រជុំនៅថ្ងៃនេះដេីម្បីយកទៅអនុវត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា គោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូមជម្រុញដល់ក្រុមការងារ ចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឱ្យបានរួចរាល់ទូទាំងប្រទេសនាឆ្នាំ២០២៥ ខាងមុខ ៕