អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី និងឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ បណ្ឌិត Park Chongho នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់អំពីតួនាទីដ៏មានសារៈសំខាន់របស់ព្រៃឈើនៅក្នុងអាស៊ាន និងបានគូសបញ្ជាក់ពីតម្រូវការធ្វើការរួមគ្នា និងមានវិធានការរួម ដើម្បីអភិរក្ស ការពារ និងគ្រប់គ្រង ធនធានព្រៃឈើឱ្យមាននិរន្តរភាពដើម្បីកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ និងសំរេចបាននូវអនាគតប្រកបដោយចីរភាព និងមានភាពធន់ សម្រាប់តំបន់អាស៊ាន។
នៅព្រឹកថ្ងៃអង្គារដដែល បណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក Stuart Calman ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-នូវែលសេឡង់ ជាពិសេសស្របពេលដែលឆ្នាំ២០២៥ខាងមុខ ជាខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-នូវែលសេឡង់៕