រដ្ឋមន្រ្តីបរិស្ថាន៖ ដើម្បីទទួលបាននៅភាពបៃតង យើងត្រូវរួមចំណែកធ្វើយ៉ាងណាដាំដុះដើមឈើឱ្យបានច្រើន
ភ្នំពេញ៖ អនុលោកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើជ្រុងចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានថ្លែងថា ដើម្បីទទួលបាននៅភាពបៃតង គឺយើងត្រូវរួមចំណែកធ្វើយ៉ាងណាដាំដុះដើមឈើឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ ដើម្បីសម្រេចគោលដៅក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការដាំដើមឈើយ៉ាងតិចចំនួន ១លាន ដើមក្នុង ១ឆ្នាំ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា រហូតមកទល់ពេលនេះក្រសួងបរិស្ថាន បានចែកជូនកូនឈើជូនប្រជាពលរដ្ឋដាំដុះ បានចំនួន ១៤ម៉ឺនដើមរួចហើយ ជាមួយគ្នានេះមន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ តាមខេត្តរៀងៗខ្លួនផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញក្តីសង្ឃឹមថា នៅក្នុងខែមិថុនា និងកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ កូនឈើនៅតាមថ្នាល់បណ្តុះ រីកដុះធំល្មម ហើយនឹងអាចចែកជូនប្រជាពលរដ្ឋចំនួនយ៉ាងតិច ១លានដើម យកទៅដាំ ដោយឥតគិតថ្លៃ។ ហើយដើមឈើដែលបានដាំដុះទាំងអស់នោះនៅពេលធំធាត់ទៅ នឹងស្រូបយកកាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានចែងពីការធ្វើអាជីវកម្មកាបូន។ ការធ្វើពាណិជ្ជកម្មកាបូននេះ គឺពិតជាមានសារសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព៕