ឧត្តមសេនីយ៍ឯក សុខ វាសនា ឲ្យត្រៀមរៀបចំពិនិត្យសារធាតុញៀន ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការតាមច្រកព្រំដែនទាំងអស់
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដាស់តឿនឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងណែនាំឲ្យត្រៀមរៀបចំពិនិត្យសារធាតុញៀន ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការតាមច្រកទ្វារព្រំដែនទាំងអស់។
ក្នុងឱកាសជួបសំណេះសំណាល និងសួសុខទុក្ខជាមួយ មន្រ្តីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រំ កាលពីថ្ងៃ១៦ មករា ឧត្តមសេនីយ៍ឯក សុខ វាសនា បានសំណូមពរឲ្យប្រធានអង្គភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរជនបរទេសទាំងអស់ដែលចេញ-ចូលតាមច្រកទ្វារអន្តរជាតិនេះ។
ឧត្តមសេនីយ៍ឯកអគ្គនាយក ក៏បានពន្យល់បន្ថែមជូនដល់មន្ត្រី ទាំងអស់ពីគោលនយោបាយបញ្ចកោណលើកទី១ ដែលទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីច្រកទ្វារ អប់រំឲ្យយល់ពីការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសទាក់ទងជាមួយការងារសម្រួលបែបបទ អាកប្បកិរិយាល្អចំពោះភ្ញៀវ ដើម្បីរួមចំណែកអនុវត្តនយោបាយទេសចរណ៍ជាតិ ជាពិសេសអប់រំពីការអនុវត្តវិន័យ សាមគ្គីភាពផ្ទៃក្នុង និងការខិតខំយកចិត្តទុកដាក់ធ្វើការងារ សហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ។
បន្ថែមពីនេះ ឯកឧត្តមបន្តថា ត្រូវខិតខំកែសម្រួលក្រើនរំលឹកដាស់តឿនឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ ត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងសូមឲ្យប៉ុស្តិ៍ត្រៀមរៀបចំពិនិត្យសារធាតុញៀនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការទាំងអស់ ត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យ អាកប្បកិរិយា គុណធម៌ និងបង្កើនសមត្ថិភាពមន្ត្រីដែលចេះភាសាបរទេស និងជំនាញបានល្អប្រសើរ ព្រមទាំងទីកន្លែងធ្វើការ បញ្ជរប្រថាប់ត្រា និងការសម្របសម្រួលដោយគ្មានលក្ខខណ្ឌ ហើយដោយមិនមានការគៀបសង្កត់ មិនមានការទារប្រាក់នានាខុសពីការកំណត់របស់រដ្ឋ ដើម្បីសម្របសម្រួលបានទាន់ពេលវេលាជូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែន។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា មន្ត្រីនគរបាលទាំងអស់ត្រូវមានវគ្គបណ្ដុះបណ្ដាលជំនាញជូនមន្រ្តីប៉ុស្តិ៍ មន្រ្តីផ្ដល់ទិដ្ឋាការ ដើម្បីបង្កើនសមត្ថភាព រៀបចំសកម្មភាពផែនការងារ សម្រាប់អនុវត្តដល់ការងារអន្តោ៕