កម្ពុជា-ទីភ្នាក់ងារ (USAID) បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។
ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានទីភ្នាក់ងារ USAID បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកជំទាវបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខាសិក្សានៅតាមសាលារៀនសម្រាប់កុមារតូច។ លោកជំទាវក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាព របស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំ ផងដែរ។ លោកជំទាវ បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់ USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។ ជាមួយគ្នានោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តផ្តល់ជំនួយចំនួន ១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា ក្នុងពេលសម្តេចធិបតីបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Victoria Nuland អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នាឱកាសអញ្ជើញបំពេញទស្សនកិច្ចទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូយ៉ក ៕