វិស័យឯកជន ថាការបណ្តុៈបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនគឺជួយយុវជនខ្លួនឯង ជួយគ្រួសារ ជួយសង្គមជាតិ
ភ្នំពេញ៖ វិស័យឯកជនមើលឃើញថាការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជននេះធ្វើឱ្យពួកគេមានជំនាញសម្រាប់ជួយខ្លួនឯងផ្ទាល់ ជួយគ្រួសារ ជួយសង្គមជាតិ ខណៈពួកគេសង្ឃឹមយ៉ាងមុតមាំថាការបណ្តុៈបណ្តាលនេះនឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារដែលមានជីវភាពខ្វះខាត។
លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI ថា៖ «សារសំខាន់នៃកម្មវិធីបណ្តុះបណ្តាលនេះពោលគឺធ្វើឱ្យយុវជនមានចំណេះដឹងពិត មានសមត្ថភាពពិតក្នុងការធ្វើការ មានប្រាក់ចំណូល ជួយគ្រួសារ និងខ្លួនឯងបានបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ដែលទាំងនេះហើយគឺជាសុខមាលភាពនៃគ្រួសារនីមួយៗ ហើយនេះក៏ជាអ្វីដែលរដ្ឋាភិបាលចង់បានពីគោលនយោបាយនេះ»។
ដោយឡែកលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាក៏បានលើកឡើងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវាប្រៀបដូចទៅនិងការជួយពលរដ្ឋដែលជាយុវជនមកពីគ្រួសារក្រីក្រឱ្យមានការងារធ្វើ មានជំនាញមួយពិតប្រាកដ អាចប្រែប្រួលវាសនារបស់ពួកគេផងដែរ។
លោកបន្ថែមថា មានតែជំនាញទេដែលអាចជួយទៅដល់យុវជនដែលមានការខ្វះខាតបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះបានដាក់ចេញកម្មវិធីបណ្តុះបណ្តាលនេះគឺត្រឹមត្រូវ ហើយឆ្លើយតបទៅនិងយុវជនដែលមកពីគ្រួសារក្រីក្រនៅកម្ពុជានេះតែម្តង។
ទន្ទឹមនឹងនេះវិស័យឯកជន បានអំពាវនាវឱ្យអាណាព្យាបាលជំរុញកូនៗរបស់ពួកគេឱ្យខិតខំរៀនសូត្រ និងលើកទឹកចិត្តពួកគេរហូតរៀនចប់វគ្គបណ្តុះបណ្តាលនេះ ដោយឡែកយុវជនខ្លួនឯងវិញត្រូវរៀនឱ្យចេះ ឱ្យចប់ ដើម្បីមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យផងដែរ។
គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បើកបវេសនាកាលវគ្គទី១។ កម្មវិធីបណ្តុះបណ្តាលនេះមានសិស្សចំនួន៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន១៥០០០នាក់ដែលសិក្សាក្នុងវិស័យចំនួន១០ លើមុខជំនាញចំនួន៣៨នៅទូទាំងប្រទេស៕