ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំមន្ត្រីនៃអធិការដ្ឋាននគរបាលមានជ័យ និងខណ្ឌចំការមន ត្រូវផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌចំការមន និងបានណែនាំដល់មន្រ្តីនគរបាលទាំងពីរខណ្ឌ ត្រូវផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ដើម្បីក្តាប់សភាពការណ៍ចេញប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសមានប្រសិទ្ធភាព។
ឯកឧត្តម ឧត្តសេនីយ៍ឯក ស្នងការ ក៏បានណែនាំដល់មន្ត្រីនគរបាលត្រូវបង្កើនយកចិត្តទុកដាក់ការចុះពង្រឹងអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីឲ្យមូលដ្ឋានកាន់តែមានសុខសុវត្ថិភាព។ ណែនាំត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងវិធានការជំនាញច្បាស់លាស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ជំរុញឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំងពីរ ត្រូវខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសនៅសេសសល់ ឲ្យបាន មិនត្រូវទុកចោលបទល្មើសមិនចាត់ការនោះទេ។ ណែនាំឲ្យមានការគ្រប់គ្រងកម្លាំង សម្ភារៈ មធ្យោបាយ ឲ្យបានត្រឹមត្រូវ។ ការអនុវត្តភារកិច្ចជោគជ័យគឺអាស្រ័យលើកត្តាទាំងនេះហើយ។ ក៏បានណែនាំឲ្យមន្រ្តីនគរបាលយុត្តិធម៌ត្រូវយល់ពីភារកិច្ចរបស់ខ្លួន និងការពង្រឹងការយល់ដឹងច្បាប់និងការអនុវត្តនីតិវិធី។ ណែនាំឲ្យមានការបំពេញភារកិច្ចតាមឋានានុក្រម និងបែងចែកវេនល្បាតប្រចាំការអនុវត្តជាប្រចាំ។
សូមបញ្ជាក់ថា៖ ពិធីសំណេះសំណាលដែរ មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំងពីរ និងលោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងខណ្ឌចំការមន ៕