ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បើកកិច្ចប្រជុំគណៈកម្មាធិការ នៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានលើកដំបូង និងចូលរួមក្នុងកម្មវិធី២ផ្សេងទៀត
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញបើកកិច្ចប្រជុំ គណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) លើកដំបូង នៃឆ្នាំ២០២៤។
នៅក្នុងសន្ទរកថាបើក លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃមូលបទរបស់ប្រទេសឡាវដែលជាប្រធានអាស៊ានឆ្នាំ២០២៤ «អាស៊ានៈ ពង្រឹងការតភ្ជាប់ និងភាពធន់» គឺមានលក្ខណៈសមស្រប និងទាន់ពេលវេលា ស្របជាមួយនឹងស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចពេលបច្ចុប្បន្ន។
អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតម្រូវការឲ្យអាស៊ានពង្រឹងសាមគ្គីភាពរបស់ខ្លួន និងបន្តប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន ដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ច ការបើកទូលាយ និងការតភ្ជាប់បន្ថែមទៀត។ លោកក៏បានបង្ហាញពីការគាំទ្រ របស់លេខាធិការដ្ឋានអាស៊ាន ធ្វើយ៉ាងណាឲ្យការធ្វើជាប្រធានអាស៊ានរបស់ឡាវ ទទួលបានជោគជ័យផងដែរនៅឆ្នាំនេះ។
បន្ទាប់មកនៅថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឲ្យបណ្ឌិត Long Jisheng ប្រធានក្រុមហ៊ុន Shanghai SUS Environment Co., Ltd. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការ ដើម្បីផ្លាស់ប្តូរការអនុវត្តល្អៗ នវានុវត្តន៍ និងបច្ចេកវិទ្យាពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់ និងដំណោះស្រាយកែច្នៃសំរាមទៅជាថាមពល។
នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បណ្ឌិត កៅ គឹមហួន ក៏បានបន្ដអញ្ជើញចូលរួមពិសាបាយថ្ងៃត្រង់ រៀបចំដោយ លោក Bovonethat DOUANGCHAK តំណាងអចិន្ត្រៃយ៍ឡាវប្រចាំអាស៊ាន និងជាប្រធាន គណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ឆ្នាំ២០២៤ ក្រោយពីកិច្ចប្រជុំ CPR លើកដំបូង នៃឆ្នាំ២០២៤ ត្រូវបានបញ្ចប់ដោយជោគជ័យ។
នៅក្នុងពិធីនេះ ក៏មានការចូលរួមផងដែរពីសំណាក់ សមាជិក CPR ផ្សេងទៀត តំណាងទីម័រខាងកើតប្រចាំអាស៊ាន តំណាងក្រុមការងារ CPR អគ្គលេខាធិការរងអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន មួយចំនួនផងដែរ៕