ក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ ៨០នាក់ករណីបទល្មើសព្រហ្មទណ្ឌ ៦៣ករណី ក្នុងសប្ដាហ៍ទី២នៃខែមករា
ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ៨០នាក់ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន ៦៣ករណីដែលកើតឡើងទូទាំងប្រទេស ដោយបង្ក្រាបបាន ៥០ករណី ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
របាយការណ៍ប្រចាំសប្ដាហ៍ បានបង្ហាញឲ្យដឹងថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥០ករណីដែលបង្ក្រាបបាន មានករណីកើតឡើងញឹកញាប់ជាងគេ គឺលួចចំនួន ១២ករណី អំពើហិង្សា ២៤ករណី និងរំលោភសេពសន្ធវៈ មាន ៨ករណី។
លោក ទូច សុឃៈ (សុខៈ) រំលឹកថា ការអនុវត្តវិធានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះ ត្រូវបានដាក់ចេញជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ស្របតាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់លំដាប់ថ្នាក់។
អ្នកនាំពាក្យរងរូបនេះបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងតែក្រើនរម្លឹក ដឹកនាំប្រជុំជំនាញជារឿយៗ ដើម្បីអនុវត្តការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងស្មារតីសហការជាមួយប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធ ឆ្លើយតប ទៅនឹងបទល្មើស ឱ្យបានលឿនរហ័ស ប្ស័ក្តិសិទ្ធិភាព និងម្ចាស់ការ ទទួលខុសត្រូវលើតួនាទីភារកិច្ច៕