អគ្គនាយករង ប.ស.ស បិទវគ្គបណ្តុះបណ្តាលស្តីពី ការចរចាកិច្ចព្រមព្រៀងស្តីពី របបសន្តិសុខសង្គមរវាង បណ្តារដ្ឋសមាជិកអាស៊ាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការចរចាកិច្ចព្រមព្រៀងស្តីពីរបបសន្តិសុខសង្គមរវាងរដ្ឋសមាជិកអាស៊ាន។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អ្នកប្រឹក្សាថ្នាក់តំបន់ និងតំណាងប្រតិភូមកពីបណ្តារដ្ឋសមាជិកអាស៊ានដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ដែលពិតជាបានឆ្លើយតបទៅនឹងគោលបំណងក្នុងការកសាងសមត្ថភាព និងទំនុកចិត្តជូនបណ្តារដ្ឋសមាជិកអាស៊ាននីមួយៗ ជាពិសេសអង្គភាពសន្តិសុខសង្គមរបស់ខ្លួនសម្រាប់ការចរចាកិច្ចព្រមព្រៀងស្តីពីរបបសន្តិសុខសង្គមទ្វេភាគី ឬពហុភាគី។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរអរគុណដល់ គណៈកម្មការអាស៊ានសម្រាប់អនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ (ACMW) លេខាធិការដ្ឋានអាស៊ាន (ASEC) សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC) ស្ថានអចិន្ត្រៃយ៍បេសកកម្មកាណាដាប្រចាំអាស៊ាន (Mission of Canada to ASEAN) តំណាងប្រទេសទីម័រខាងកើត (Timor-Leste) និងតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ (CSOs) ជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានឧបត្ថម្ភគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលស្តីពី ការចរចាកិច្ចព្រមព្រៀមស្តីពីរបបសន្តិសុខសង្គមរវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលមានរយៈពេល ២ថ្ងៃកន្លះនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អង្គភាពសន្តិសុខសង្គមក្នុងបណ្តារដ្ឋសមាជិកអាស៊ានក្នុងការចរចាកិច្ចព្រមព្រៀងស្តីពីរបបសន្តិសុខសង្គមទេ្វភាគី ឬពហុភាគី នាពេលអនាគត៕