ឯកឧត្ដម ឃួង ស្រេង៖ រាជធានីភ្នំពេញកើតឡើងក្នុងតំបន់ទំនាបលិចទឹក ដូច្នេះហើយនៅរដូវវស្សារាជធានីភ្នំពេញ តែងប្រឈមនិងបញ្ហាលិចលង់
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជធានីភ្នំពេញកើតឡើងក្នុងតំបន់ទំនាបលិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សារាជធានីភ្នំពេញ តែងប្រឈមនិងបញ្ហាលិចលង់ បើទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាងណាក្តី។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងឳកាសដឹកនាំបើកកិច្ចប្រជុំជាមួយឯកឧត្ដម ស្តើង សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លើការងារដោះស្រាយផលប៉ះពាល់គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា “រាជធានីភ្នំពេញកើតឡើងក្នុងតំបន់ទំនាបលិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សារាជធានីភ្នំពេញ តែងប្រឈមនិងបញ្ហាលិចលង់ បើទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាងណាក្តី។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ឥទាន ដើម្បីដោះស្រាយបញ្ចប់ បញ្ហាទឹកជន់លិច នៅរាជធានីភ្នំពេញនេះ ហើយគម្រោងនេះមានផលប៉ះពាល់ខ្លាំង ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពិសេសការផ្សព្វផ្សាយ និងពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីសារៈសំខាន់នៃគម្រោងនេះ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចិត្តថា នឹងខិតខំដោះស្រាយអោយបានល្អបំផុតជាមួយប្រជាពលរដ្ឋ”។
ឯកឧត្ដមបន្តទៀតថា កិច្ចប្រជុំនេះមានគោលដៅដោះស្រាយផលប៉ះពាល់ឱ្យបានល្អ កាត់បន្ថយឱ្យបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ផងដែរ។
នៅក្នុងកិច្ចប្រជុំឯកឧត្ដម ស្តើង សុខុម បានថ្លែងបន្តគាំទ្រសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍរាជធានីបន្តទៀត និងបានអះអាងថា ជាធម្មតាមានការអភិវឌ្ឍ គឺមានបញ្ហាប្រឈម ហើយរួមនឹងបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ ការអភិវឌ្ឍ បូករួមជាមួយការបម្រែលបម្រួលអាកាសធាតុ វាពិតជានាំមកនូវភាពលិចលង់ហើយ សូម្បីប្រទេសជឿនលឿនមួយចំនួន ដូចជានៅប្រទេសជប៉ុននិងអាមេរិកជាដើម ក៏ទទួលរងការលិចលង់ដែរ ជៀសមិនផុតទេ៕