ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ សេចក្ដីព្រាងខ្លឹមសារគោល នៃផែនការយុទ្ធសាស្ដ្រឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ សេចក្ដីព្រាងខ្លឹមសារគោល នៃផែនការយុទ្ធសាស្ដ្រឆ្នាំ២០២៤ – ២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំង មន្ដ្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការពិភាក្សា ដើម្បីផ្តល់ធាតុចូលដ៏មានសារៈសំខាន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការកំណត់ចក្ខុវិស័យគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ជាពិសេសគឺ ធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដែលប្រែកម្មវិធីអាទិភាពចំនួន ៥។
កម្មវិធីអាទិភាពនេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕