ប្រធានាធិបតីបារាំង ចាត់ទុកការបញ្ជូនកងកម្លាំងរបស់កម្ពុជា ចូលរួមថែរក្សាសន្តិភាព ជាវិភាគទានធំជាងគេនៅអាស៊ី
ភ្នំពេញ៖ ឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងកោតសរសើរ និងចាត់ទុកការបញ្ជូនកងកម្លាំងរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ជាវិភាគទានធំជាងគេនៅអាស៊ី។
ក្នុងសន្និសីទព័ត៌មានរួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមប្រធានាធិបតី បានថ្លែងបញ្ជាក់បែបនេះ «ខ្ញុំនៅទីនេះ សូមកោតសរសើរនូវវិភាគទានរបស់កម្ពុជា ជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាវិភាគទានធំជាងគេនៅអាស៊ី។ ការចូលរួមចំណែកជាប្រវត្តិសាស្ត្រនោះ» ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦។ ចាប់តាំង ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរួមចំណែកបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្ម រក្សាសន្តិភាពចំនួន ៩,២០៥នាក់ ក្នុងនោះនារី៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ ៕