ក្រសួងការងារ និងអង្គការSwissContact បន្តសហការដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Phillipe Schneuwly នាយកប្រតិបត្តិនៃអង្គការSwissContact នៅទីស្តី្គការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញ និងពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការSwissContactដែលបាន និងកំពុងជួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជន តាមរយៈកិច្ចសហការជាមួយនឹងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអង្គការបន្តសកម្មភាពការងារលើខេត្ត ឬភូមិសាស្ត្រដែលគម្រោងកំពុងធ្វើសកម្មភាពឱ្យកាន់តែសកម្មបន្ថែមទៀត។
ជាការឆ្លើយតបលោក Phillipe Schneuwly នាយកប្រតិបត្តិនៃអង្គការSwissContact បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីលើគម្រោងនីមួយៗដែលដៃគូអភិវឌ្ឍន៍បានចូលរួមអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕