មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីជំរុញការអនុវត្តផែនការមេ អភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក នៅក្រុងព្រះសីហនុ
ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក TANINAI Ichitomo ភារធារីស្តីទីនៃស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ជំនួបនាឱកាសនេះ បានពិភាក្សាអំពីគម្រោងផែនការសកម្មភាពការងារ កិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា ជុំវិញការអនុវត្តគម្រោងមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ដូចជាៈ គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែកុងតឺន័រ (ជំហានទី៣) គម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ និងគម្រោងពង្រឹងសមត្ថភាពសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្ម ជាដើម សំដៅបង្កើនសមត្ថភាពកំពង់ផែក្រុងព្រះសីហនុឱ្យកាន់តែធំជាងមុន និងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់ពង្រីកការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ៕